ទំព័រដើម

ប្រព័ន្ធគ្រប់គ្រងទិន្នន័យ (MIS)

សាវតា

ចាប់តាំងពីឆ្នាំ ២០១៣ មក វិស័យទឹកស្អាត និងអនាម័យជនបទកម្ពុជា ទាមទារនូវប្រព័ន្ធគ្រប់ជ្រុងជ្រោយសម្រាប់ការប្រមូល គ្រប់គ្រង និងចែករំលែកព័ត៌មានស្តីពីវឌ្ឍនភាពនៃកម្មវិធីទឹកស្អាត និងអនាម័យជនបទនៅកម្ពុជា។ ផែនការយុទ្ធសាស្រ្តជាតិសម្រាប់កម្មវិធីផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់ អនាម័យជនបទ កំណត់ពីគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋគ្រប់រូបនៅសហគមន៍ជនបទមានលទ្ធភាពទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យប្រកបដោយនិរន្តរភាព និងរស់នៅក្នុងបរិស្ថានដែលមានអនាម័យត្រឹមឆ្នាំ ២០២៥។ ផែនការសកម្មភាពជាតិទី ១ សម្រាប់កម្មវិធីផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ ២០១៤-២០១៨ ត្រូវបានបង្កើតឡើងជាផែនទីបង្ហាញផ្លូវដំណាក់កាលទី ១ ដើម្បីសម្រេចគោលដៅនេះ។ ផែនការសកម្មភាពនេះអំពាវនាវឱ្យមានការបង្កើត និងការធ្វើបច្ចុប្បន្នភាពប្រព័ន្ធគ្រប់គ្រងទិន្នន័យ (MIS) ជាប្រចាំដើម្បីគាំទ្រដល់ការរៀបចំផែនការ ការធ្វើសេចក្តីសម្រេច និងការវិនិយោគ។

នៅពេលចាប់ផ្តើមផែនការសកម្មភាពជាតិទី១ មិនមានមូលដ្ឋានទិន្នន័យគ្រប់ជ្រុងជ្រោយដើម្បីកំណត់ទិន្នន័យដើមគ្រាសម្រាប់សូចនាករក្នុងផែនការនេះឡើយ។ វិធីសាស្រ្តសម្រាប់ការពិនិត្យឡើងវិញលើផែនការសកម្មភាពនេះគឺការរាយការណ៍ដោយប្រើប្រាស់ប្រភពទិន្នន័យចម្រុះ និងការពិគ្រោះយោបល់ជាមួយអ្នកពាក់ព័ន្ធតាមរយៈវេទិកាមានស្រាប់និងយន្តការសម្របសម្រួល ដូចជា ក្រុមការងារបច្ចេកទេស ក្រុមការងាររងទទួលបន្ទុកអនាម័យជនបទ (RuSH) ការផ្គត់ផ្គង់ទឹកជនបទ (RWS) និងអនាម័យ និងអាហារូបត្ថម្ភ និងក្រុមការងារថ្នាក់ខេត្ត។ ព្រំដែនកំណត់សំខាន់ៗក្នុងការពិនិត្យឡើងវិញលើផែនការសកម្មភាពជាតិទី ១ មានជាអាទិ័ ៖ គ្មានទិន្នន័យគ្រប់គ្រាន់ ឬគ្មានទិន្នន័យសម្រាប់សូចនាករមួយចំនួនទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ (ហើយទិន្នន័យភាគច្រើនដែលបង្ហាញឡើងក្នុងរបាយការណ៍ពិនិត្យឡើងវិញលើផែនការសកម្មភាពថ្នាក់ខេត្ត មិនត្រូវបានផ្ទៀងផ្ទាត់ឡើយ ដោយសារមិនសូវមានពេលវេលា និងធនធានគ្រប់គ្រាន់) និង ២) ទិន្នន័យថ្មីបំផុតដែលអាចរកបានគឺទិន្នន័យពីការអង្កេតសេដ្ឋកិច្ចសង្គមកម្ពុជាឆ្នាំ២០១៦ និងមូលដ្ឋានទិន្នន័យឃុំ ឆ្នាំ២០១៦ ដែលអាចមិនបង្ហាញពីស្ថានភាពថ្មីបំផុត។ ដូច្នេះ ចាំបាច់បំផុតត្រូវបង្កើត និងពង្រីក MIS តាមវិស័យជាបន្តបន្ទាប់ ដើម្បីតាមដានវឌ្ឍនភាពនៃផែនការសកម្មភាពជាតិ ដោយផ្អែកលើធនធាន និងសមត្ថភាពរបស់ក្រសួងអភិវឌ្ឍន៍ជនបទ។ MIS ចូលរួមចំណែកដល់ការដោះស្រាយបញ្ហាកង្វល់ធំៗក្នុងវិស័យទឹកស្អាត និងអនាម័យ ពាក់ព័ន្ធនឹងប្រភពទិន្នន័យត្រឹមត្រូវ និងអាចជឿទុកចិត្តបាន សម្រាប់ជួយដល់ការបង្កើតយុទ្ធសាស្រ្ត ការរៀបចំផែនការ និងការពិនិត្យឡើងវិញលើវិស័យទឹកស្អាត និងអនាម័យ និងការតាក់តែងគោលនយោបាយនៅថ្ងៃអនាគត។

ដូចនេះ MIS នឹងគាំទ្រដល់ក្រសួងអភិវឌ្ឍន៍ជនបទតាមរយៈនាយកដ្ឋានថែទាំសុខភាពជនបទ នាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងនាយកដ្ឋានផែនការ ដែលមានមុខងារត្រួតពិនិត្យតាមដានបន្ត និងវាយតម្លៃគម្រោង/កម្មវិធី។ នាយកដ្ឋានទាំងនេះ នឹងប្រមូល ផ្ទៀងផ្ទាត់ រាយការណ៍ និងវិភាគទិន្នន័យជាប្រព័ន្ធ និងប្រកបដោយប្រសិទ្ធភាព។ លើសពីនេះ MIS នឹងផ្តល់មធ្យោបាយសម្រាប់ការវាស់វែងវឌ្ឍនភាពនៃការសម្រេចបានលទ្ធផល និងធាតុចេញ គោលដៅក្នុងផែនការសកម្មភាពជាតិទី ២ តាមរយៈការផ្ដោតលើការអនុវត្តការងារក្នុងវិស័យទឹកស្អាត និងអនាម័យ និងការបង្កើនគណនេយ្យភាពនៃការអនុវត្តកម្មវិធីទឹកស្អាត និងអនាម័យ។ ក្រសួងអភិវឌ្ឍន៍ជនបទតាមរយៈអង្គភាពរបស់ខ្លួននៅថ្នាក់ក្រោមជាតិ និងអាជ្ញាធរមូលដ្ឋាន បាននិងកំពុងបំពេញមុខងារនៅគ្រប់ខេត្តទាំងអស់ ដើម្បីធ្វើយ៉ាងណាផ្តល់ធនធានដល់តំបន់ដែលមិនសូវទទួលបានសេវាទឹកស្អាត និងអនាម័យ។ មានការងារជាច្រើនដែលធ្វើឡើងដោយរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ដើម្បីគាំទ្រដល់ការពិនិត្យតាមដានអនុវិស័យទឹកស្អាត និងអនាម័យជនបទកាន់តែប្រសើរឡើង ដូចជា ៖

  • ការវិភាគបរិបទនៅឆ្នាំ ២០១៣
  • សំណើដែលទទួលបានជំនួយមូលនិធិសម្រាប់ការបង្កើតប្រព័ន្ធពិនិត្យតាមដាន និងវាយតម្លៃអនាម័យជនបទក្រោមកម្មវិធីលើកកម្ពស់អនាម័យជនបទកម្ពុជារបស់មូលនិធិអនាម័យសកល ដែលគ្រប់គ្រងដោយអង្គការភ្លែនអន្តរជាតិ (២០១២)
  • ការកំណត់រកសូចនាករសំខាន់ៗសម្រាប់ការតាមដានដោយ MIS ថ្នាក់វិស័យដែលពាក់ព័ន្ធនឹងកម្មវិធីផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ ក្នុងផែនការសកម្មភាពជាតិ ២០១៤-២០១៨ របស់ក្រសួងអភិវឌ្ឍន៍ជនបទ និង
  • ការរៀបចំនូវប្រព័ន្ធ MIS ដែលប្រើបច្ចេកវិទ្យាព័ត៌មានដែលមាន software ល្អប្រសើរ និងការប្រើប្រាស់យន្តការឆ្លើយតបជាសំឡេងក្នុងទូរស័ព្ទដៃ។

នៅពេលដំបូងក្រសួងអភិវឌ្ឍន៍ជនបទ មិនបានប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានឡើយ ព្រោះក្រសួងព្រួយបារម្ភពីដំណើរការរបស់ប្រព័ន្ធ ភាពស្មុគស្មាញផ្នែកបច្ចេកទេស និងលទ្ធភាពចំណាយលើប្រតិបត្តិការ ដូចជា ចំណាយពាក់ព័ន្ធនឹងការកែសម្រួលដែលអាចកើតមានឡើងលើ software កម្មសិទ្ធិនៅថ្ងៃអនាគត។ យ៉ាងណាក៏ដោយ ចាំបាច់ត្រូវមានមធ្យោបាយដែលអាចជឿទុកចិត្តបានសម្រាប់ការពិនិត្យតាមដានលើស្ថានភាពសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ការតាមដានវឌ្ឍនភាពឆ្ពោះទៅសម្រេចបានចំណុចដៅ ដែលមានកំណត់ក្នុងផែនការសកម្មភាពជាតិសម្រាប់កម្មវិធីផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ ២០១៩-២០២៣ និងការប្រើប្រាស់ព័ត៌មានទាំងនេះសម្រាប់ផ្តល់មូលដ្ឋានព័ត៌មានដល់ការរៀបចំផែនការវិស័យ និងការធ្វើសេចក្តីសម្រេច។

នាយកដ្ឋានថែទាំសុខភាពជនបទរបស់ក្រសួងអភិវឌ្ឍន៍ជនបទ គឺជាអង្គភាពកំណត់អាណត្តិដោយរដ្ឋាភិបាល សម្រាប់ការលើកកម្ពស់អនាម័យជនបទ និងពិនិត្យតាមដានសេវាពាក់ព័ន្ធជាមួយនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងនាយកដ្ឋានផែនការ។ នៅថ្នាក់ក្រោមជាតិ នាយកដ្ឋានថែទាំសុខភាពជនបទ និងនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ ធ្វើប្រតិបត្តិការតាមរយៈមន្ទីរអភិវឌ្ឍន៍ជនបទ និងការិយាល័យអភិវឌ្ឍន៍ជនបទ ចំណែកនៅថ្នាក់មូលដ្ឋាន នាយកដ្ឋានទាំងនេះធ្វើប្រតិបត្តិការជាមួយក្រុមប្រឹក្សាឃុំ ក្រុមអ្នកប្រើប្រាស់ទឹក និងអនាម័យ និងគណៈកម្មាការអភិវឌ្ឍន៍ភូមិ (VDC)។ នាយកដ្ឋានទាំងនេះសហការជាមួយដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ដើម្បីលើកកម្ពស់ស្ថានភាពទឹកស្អាត និងអនាម័យជនបទនៅកម្ពុជា។ ការបង្កើត MIS នៅឆ្នាំ២០១៨ ដឹកនាំដោយនាយកដ្ឋានថែទាំសុខភាពជនបទ។

យ៉ាងណាមិញ វិស័យនេះមិនចាប់ផ្តើមពីចំណុចសូន្យនោះទេ ព្រោះមានការបង្កើតប្រព័ន្ធ រាយការណ៍ និងប្រមូលព័ត៌មានក្នុងរដ្ឋាភិបាលជាស្រេច ជាពិសេសការប្រមូល និងបូកសរុបទិន្នន័យស្តីពីសេវាទឹកស្អាត និងអនាម័យជាប្រចាំពីអាជ្ញាធរមូលដ្ឋាន និងដៃគូអនុវត្តន៍ផ្សេងទៀត ដោយក្រសួងផ្ទាល់។ ដោយសារតែទិន្នន័យមានសារៈសំខាន់សម្រាប់ផែនការសកម្មភាពខេត្ត(PAPs) និងផែនការសកម្មភាពជាតិ ក្រសួងបានសម្រេចចាប់ផ្តើមប្រើប្រាស់ MIS ទូទាំងប្រទេសជាជាងការសាកល្បងនៅតាមខេត្តមួយចំនួន។ ជាមួយនឹងចក្ខិវិស័យខ្ពស់ក្នុងការ បង្កើនភាពអាចទុកចិត្តបាន និងគណនេយ្យភាពនៃទិន្នន័យកម្មវិធី WASH សំដៅផ្តល់មូលដ្ឋានព័ត៌មានដល់ការវាស់វែងសម្រាប់ការធ្វើផែនការ និងប្រតិបត្តិការនៅថ្ងៃអនាគត និងបន្ស៊ីការធ្វើសេចក្តីសម្រេចចិត្ត និងទិន្នន័យដែលមាន ទៅនឹងប្រព័ន្ធពិនិត្យតាមដាន និងវាយតម្លៃតាមគេហទំព័ររបស់រដ្ឋាភិបាល (MRD-MIS) ក្រសួងបានសហការជាមួយដៃគូអភិវឌ្ឍន៍ អ្នកពាក់ព័ន្ធក្នុងវិស័យ និងអាជ្ញាធរថ្នាក់ក្រោមជាតិ តាំងពី ២០១៨ ដើម្បីបង្កើតប្រព័ន្ធគ្រប់គ្រងព័ត៌មានថ្នាក់ជាតិ សម្រាប់ប្រមូលទិន្នន័យស្តីពីសេវាទឹកស្អាត និងអនាម័យជនបទជាលើកដំបូងនៅកម្ពុជា ដោយចាប់ផ្តើមដំណើរម្តងមួយជំហានៗ ពីប្រព័ន្ធក្រៅបណ្តាញ នៅឆ្នាំ២០១៨ (MIS ដំណាក់កាលទី១) ទៅជាលើបណ្តាញ នៅឆ្នាំ ២០១៩ (MIS ដំណាក់កាលទី២) និងទៅជា ប្រព័ន្ធវិបឬគេហទំព័រ នៅឆ្នាំ ២០២០ (MIS ដំណាក់កាលទី៣)

គោលបំណងចម្បងនៃការអនុវត្ត MIS ដំណាក់កាលទី ១ រួមមាន៖ ១) កំណត់រកសូចនាករនៃការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទដែលគួរពិនិត្យតាមដាន និងរាយការណ៍នៅថ្នាក់ក្រោមជាតិ (និងភាពញឹកញាប់) ក្នុងការតាមដានវឌ្ឍនភាពឆ្ពោះទៅសម្រេចបានគោលដៅ និងចំណុចដៅនៃផែនការសកម្មភាពជាតិ និង ២) បង្កើត MIS ដែលអាចធ្វើប្រតិបត្តិការទូទាំងប្រទេស ដូចជា ការប្រមូល និងគ្រប់គ្រងព័ត៌មាន ការបូកសរុបទិន្នន័យ ការរាយការណ៍ និងការប្រើប្រាស់ព័ត៌មានដែលទទួលបាន ដើម្បីផ្តល់មូលដ្ឋានព័ត៌មានដល់ការរៀបចំផែនការ និងប្រតិបត្តិការនៅថ្នាក់ក្រោមជាតិ។ គេរំពឹងថា MIS នឹងត្រូវបានពង្រីកដើម្បីផ្តោតលើសូចនាករកាន់តែច្រើនក្នុងផែនការសកម្មភាពជាតិ។

Read More

Download MIS documents

Phase 1 Phase 2 Phase 3

ទិន្នន័យរកឃើញ

MIS រួមបញ្ចូលការអភិវឌ្ឍន៍គំរូបញ្ចូលទិន្នន័យស្តង់ដារ រចនាសម្ព័ន្ធសម្របសម្រួល សុពលភាពទិន្នន័យ និងដំណើរការពិនិត្យ ការវិភាគទិន្នន័យ ការធ្វើផែនទី និងការឆ្លុះបញ្ចាំងជាមួយអ្នកចូលរួម និងអ្នកប្រើប្រាស់ MIS ។

Publications

គោលការណ៍ណែនាំស្តីពីការបញ្រ្ជាបភាពបន្សាំនៃការប្រែប្រួលអាកា...

Download

គោលការណ៍ណែនាំស្តីពីការផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង...

Download

គោលការណ៍ណែនាំថ្នាក់ជាតិស្តីពីការគ្រប់គ្រងកាកសំណល់លាមកគ្រួ...

Download

គោលការណ៍ណែនាំថ្នាក់ជាតិស្តីពីអនាម័យក្នុងបរិស្ថានប្រឈមសម្រ...

Download

ដៃគូសហប្រតិបត្តិការ

​​MIS បានទទួលការគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសពីអង្គការក្រៅរដ្ឋាភិបាល និង ដៃគូអភិវឌ្ឍន៍មួយចំនួនដូចជា UNICEF, PLAN International Cambodia, WaterAid, Engineers Withoutborders Australia (EWB), World Vision និង Cambodia Climate Change Alliance (CCCA)។